កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
*
ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បី ពិភាក្សាលើរបាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន វិទ្យាស្ថាន គណៈកម្មាធិការ គណៈកម្មការ និងអង្គភាពនានាៗដែលស្ថិតក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត សរុបប្រមាណ ២៨០នាក់។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើលទ្ធផល នៃការតាមដាននិងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា និងការងារជំនាញដែលអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសម្រេចបានក្នុងឆ្នាំ២០២៤ ដោយពិនិត្យលើទិដ្ឋភាពសមិទ្ធកម្ម និងទិដ្ឋភាពហិរញ្ញវត្ថុ អនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធី និងថវិកាសមិទ្ធកម្ម, ព្រមទាំងកំណត់បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីជំរុញការអនុវត្តការងារនៅឆ្នាំបន្តបន្ទាប់ឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញ ដូចដែលក្រសួងបានរៀបចំជារៀងរាល់ឆ្នាំ ចាប់ពីការិយបរិច្ឆេទថវិកាឆ្នាំ២០១៥ មក។ ផ្អែកលើការអនុវត្តពេញមួយឆ្នាំ ទាំងក្នុងការអនុវត្តការងារជំនាញ និងការអនុវត្តថវិកា, ក្រសួងសម្រេចបានសមិទ្ធកម្មតាមផែនការ ព្រមទាំងសម្រេចបានកិច្ចការថ្មីៗបន្ថែមស្របតាមការកំណត់របស់រាជរដ្ឋាភិបាលផងដែរ។